កូនខ្ញុំកើតហើយ

រងចាំយ៉ាងយូរបំផុត ៩ខែ ១០ថ្ងៃ (ប្រហែលជាអាចតិចជាងហ្នឹងប៉ុន្មានថ្ងៃប៉ុណ្ណោះ) ទីបំផុតម្ចាស់ក្សត្រីតូចរបស់ខ្ញុំបានចេញមកមើលពិភពលោកនេះ​នឹងគេដែរ ។ តាមពិតគេកើតបានជាង ១០ថ្ងៃហើយ គ្រាន់តែខ្ញុំចេះតែមិនមានពេល ផុសឲ្យដឹងនៅទីនេះ បើនៅហ្វេសប៊ុកនោះផុសពីអាទិត្យ​មុនហើយ។

កាលពីអាទិត្យមុន ថ្ងៃទី២៣ កញ្ញា ២០១០ ម៉ោង ១យប់ជាង ប្រពន្ធខ្ញុំឈឺពោះតិចៗ ទាំងអស់គ្នាក៍នាំគ្នាមកពេទ្យតែម្តងដោយមិនចាំយូរ ។ ឥវ៉ាន់នានាបានរៀបចំត្រៀមទុករួចជាស្រេចហើយ មិនពិបាកពេលឈឺពោះបានរៀបនោះទេ។ មកដល់ពេទ្យ ពេទ្យថានាងឈឺពោះកើតកូនមែនហើយ តែដោយសារទើបឈឺតិចៗចឹងប្រហែលនៅយូរម៉ោងទៀតអីណោះ។

ញ៉ាំដើម្បីថាមពល

ឮគេថាពេលឈឺពោះចឹងត្រូវញ៉ាំឲ្យបានច្រើនដើម្បីមានកំលាំងសំរាប់កើត ដូចច្នេះមិនចាំយូរខ្ញុំបានរត់វ៉ឹងទៅទិញបាយឆា ២-៣ ប្រអប់ និងទឹកក្រឡុកមក។ តាំងពីពេលកំពុងមានផ្ទៃពោះម្ល៉េះប្រពន្ធខ្ញុំគ្មានចេះចាញ់កូន ក្អួតចង្អោអីទេ ញ៉ាំបានសព្វបែបយ៉ាង  ពងទាកូន ស៊ុបគោ​ ។ល។ និង។ល។ មើលតែរូបខាងក្រោមទៅដឹងហើយ មិនមែនតែអ្នកឈឺពោះទេដែលញ៉ាំអ្នកអត់ឈឺក៍ញ៉ាំដែរ ជួយជាកំលាំងចិត្ត ហេហេហេ….។


បាយឆា ជាមួយនឹងទឹកក្រឡុក មានកំលាំងប្រយុទ្ធហើយខ្ញុំប៉ុណ្ណេះ

ចាស់ៗថាឆ្លងទន្លេពិតជាពិបាកមែន

គេច្រើននិយាយថា “មិនជឿចាស់ ស្រលះដៃធេង” រឿងឆ្លងទន្លេនេះ ចាស់ដែលធ្លាប់ឆ្លងកាត់មានបទពិសោធន៍ និយាយថាវាពិបាកដូចឆ្លងទន្លេមែន​ មិនមែនបានន័យថាឆ្លងទន្លេដោយប្រើទូកកាណូតទេ តែគឺដោយប្រដៃនឹងជើងទាំងពីរប៉ុណ្ណោះ។ ខ្ញុំមិនមែនអ្នកឈឺពោះទេ តែតាមការមើលឃើញ​ច្បាស់នឹងភ្នែកបែបហ្នឹង ទើខ្ញុំយល់ថាវាពិតជាពិបាកមែនៗ។

កាលណោះត្រូវជាពាកកណ្តាលអាធ្រាត ម៉ោង ១យប់(ព្រឹក) ថ្ងៃទី២៣ ខែកញ្ញា ប្រពន្ធខ្ញុំចាប់ផ្តើមឈឺពោះតិចៗ។ មិនបង្អង់យូរ ពួកយើងបានរៀបចំ​ទៅពេទ្យ។ មកដល់ពេទ្យ គេថានាងពិតជាឈឺពោះឆ្លងទន្លេមែន តែដោយសារនៅឈឺតិចៗចឹង បែបមិនទាន់កើតអាលូវទេ ប្រហែលដល់ព្រឹកអីណោះ។

ព្រឹកឡើងម៉ោងជាង ៧បាននាងចាប់ផ្តើមឈឺខ្លាំងបន្តិចម្តងៗ។ ពេទ្យឲ្យដើរចុះឡើងៗ ដើម្បីឲ្យកូនសម្រូតចុះមកក្រោមងាយនឹងកើត តែមានអីណា​ដើរជាងពីរគីឡូដីហើយ ពោះកាន់តែឈឺ ក្បាលកូនក៍មិនព្រមចុះមកក្រោម។ ដល់កាន់តែឈឺខ្លាំងទៅៗ ពេទ្យបានឲ្យចូលទៅក្នុងបន្ទប់សម្រាល​ដើម្បីពិនិត្យ និងត្រៀមសម្រាល។ គេថាឆ្លងទន្លេមានតែខ្លួនឯងទេដែលជួយខ្លួនឯងបាន គ្ាមអ្នកណាជួយយើងបានឡើយសូម្បីតែពេទ្យ មានតែម្តាយជាអ្នកខំប្រឹងរុញកូនឲ្យចុះមក្រោមប៉ុណ្ណោះ។ ពេទ្យជួយបាននៅពេលដែលកូនសម្រូតចុះមកក្រោម ចេញក្បាលមកក្រៅបន្តិចទើបគាត់ជួយទាញចេញមកបាន។ ដំបូងឡើយគេឲ្យខ្ញុំចូលទៅក្នុងបន្ទប់សម្រាលជាមួយដែរ។ តាមពិតទៅខ្ញុំគ្មានបានជួយស្អីទេ ចូលទៅហ្នឹងនោះ ក្រៅតែពីនិយាយ​ជួយជាកំលាំងចិត្តប្រពន្ធឲ្យប្រឹងៗៗ នឹងតស៊ូតែប៉ុណ្ណោះ ក្រៅពីហ្នឹងខ្ញុំមានដៃពីរសំរាប់នាងចាប់កាន់ពេលកំពុងប្រឹង បើមិនចឹងទេនៅមានសក់ក្បាល​ទុកគ្រាន់បោចលេងពេលឈឺខ្លាំងប៉ុណ្ណឹងឯង។ យូរណាស់ហើយ ជាងមួយម៉ោងដែលខ្ញុំចូលទៅជាមួយ នៅតែគ្មានលទ្ធផលអ្វី។ ពោះកាន់តែឈឺខ្លាំង ទៅៗ។ ពេទ្យពិនិត្យមួយសារទៀត ក្បាលកូននៅដដែលមិនសម្រូតចុះទាល់តែសោះ។ កំលាំងប្រពន្ធខ្ញុំក៍កាន់តែខ្សោយ នេះដល់ថ្នាក់ព្យួរសេរ៉ូម​នៅនឹងដៃហើយនៅសឹងតែ​មិនអាចទប់បាន។

និយាយទៅខ្ញុំពិតជាសរសើរប្រពន្ធខ្ញុំខ្លាំងណាស់ ឈឺថ្នាក់នេះទៅហើយនាង មិនយំឬស្រែអីមួយមាត់ មានតែខាំមាត់ ខំប្រឹង។ ពេទ្យក៍សរសើរ​ថាពូកែទ្រាំដូចគ្នា គាត់និយាយថាអ្នកមុនៗ ឈឺប៉ុណ្ណេះគេស្រែកយំឡើងផ្អើលពេទ្យ(តែធ្វើម៉េចបើគ្នាឈឺមែន)។ ដោយឈឺយូរពេក ប៉ាក្មេកខ្ញុំគាត់​ថាប្រុងឲ្យវះ តែពេទ្យគេនេះមានសីលធម៌វិជ្ជាជីវៈផស់គេមែន គាត់និយាយថា បើដល់ដំណាក់កាលចុងក្រោយបានគាត់រើសយកផ្លូវនេះ បើនៅមានលទ្ធភាពទ្រាំបានកើតធម្មជាតិវិញទៅល្អជាង។ បើពេទ្យខ្លះវិញដឹងតែពីវះអាងបានលុយ ហើយខំនិយាយបន្លាចអ្នកឈឺទៀត។ បងជីដូនមួយថ្លៃខ្ញុំជាគំរូស្រាប់ គាត់ឈឺពោះជាងមួយម៉ោងសោះ និយាយឡើងវះទៅៗ ទាល់តែគាត់វះទាល់តែបាន។ ធម្មតាអញអ្នកឈឺ តែឈឺចឹងហើយឲ្យធ្វើអីក៍ព្រមដែរ ប្រពន្ធខ្ញុំឈឺជាង ៥-៦ម៉ោងទៅហើយពេទ្យថានៅអាចកើតតាមសម្រួលបានទេកុំវះនាំស្តាយក្រោយទេ។

មកដល់ថ្ងៃនេះខ្ញុំជឿកាន់តែច្បាស់ននូវសំដីម៉ាកប៉ា ខ្ញុំដែលថា “ពេលកូនឯងធ្វើជាឳពុកម្តាយគេ កូននឹងដឹង” ។ ឥឡូវខ្ញុំដឹងហើយ គឺដឹងច្បាស់​ទៀតផង។ គិតៗទៅអាណិតអ្នកដែលជាម្តាយគេណាស់ ខំពរពោះ ៩ខែជាង ប្រឺងឈឺពោះកើតវាចេញមក កើតហើយខំរកស៊ីចិញ្ចឹម ឲ្យរៀនសូត្រខ្ពង់ខ្ពស់ ដល់កូនវិញបានដោយកន្លងធម៌នោះវាមិនអីទេ តែអាកូនខ្លះចោលម្សៀត ពិតជាស្តាយកំលាំងគាត់ខំពរពោះណាស់ ។

ស្ថានភាពកាន់តែយ៉ាប់ ខ្ញុំហើយនិងម៉ាកប៉ា កាន់តែបារម្ភខ្លាំងឡើង។ ម៉ាក់គាត់ឃើញកូនឈឺពិបាកចឹង គាត់និយាយលួងកូនទាំងអួលដើមកទប់​ទឹកភ្នែកមិនបាន ធ្វើឲ្យខ្ញុំអីណេះទបើមិនបានជាមួយគាត់ដែរទៅ។ តាំងពីចូលមកក្នុងបន្ទប់មក ជិតពីរម៉ោងទៅហើយ នៅដដែល ពេទ្យបានចាប់ផ្តើមឲ្យអ្នកទាំងអស់គ្នាចេញពីបន្ទប់សម្រាល ទុកឲ្យពេទ្យគេធ្វើការម្តង។


នៅលើកដៃបាន បញ្ជាក់ថានៅមិនទាន់អី បើទោះជាដៃម្ខាងជាប់សេរ៉ូមក៍មិនថ្វី

ឆ្លេឆ្លាដូចមាន់រកពង

នៅក្រៅបន្ទប់ខ្ញុំនៅមិនស្ងៀមទេ ដើរចុះឡើងៗ ទៅមក មុខបន្ទប់សម្រាលហ្នឹងឡើងចង់ឆ្កួតមនុស្សហើយ។ អ្នកមើលខ្ញុំដើរទៅមកហ្នឹងក៍វិលមុខងាប់​ដែរ។ កន្លះម៉ោង មួយម៉ោង ជាងមួយម៉ោង… គ្មានដំណឹងអីបន្តិច។ ម៉ាកឲ្យខ្ញុំទៅរកញ៉ាំអីបន្តិចទៅ​ព្រោះម៉ោងពីរជាងហើយតែខ្ញុំគ្មាននឹកនាញ៉ាំស្អី​ចូល។ បន្តិចក្រោយមកអ្នកគ្រូពេទ្យម្នាក់គាត់ចេញមក ខំអរស្មានតែកើតហើយ។ សួរគាត់ គាត់ថានៅទេ បន្តិចទៀត។ បន្តិចទៀតអីគាត់យូរណាស់ហើយ បន្តិចទៀតពួកស្រុកយក្សអីដឹង?? ។

ទីបំផុតទៅណាវាល្បែង ហេហេហេ…….. :-p

ទីបំផុតខ្ញុំបានឭសំលេងអ្វីម្យ៉ាង (ឈរនៅមុខបន្ទប់ចឹង ត្រចៀកខ្ញុំផ្អឹបនឹងទ្វាចាំស្តាប់សម្លេងរហូត) ដំបូងខ្ញុំលឺសម្លេងដូចជាអ្នកណាម្នាក់ ទះឭសូរផាច់ ក្រោយមកក៍ឭសម្លេងទារកយំ “អេះង៉ាៗៗ”  ។ ខ្ញុំអរសឹងហោះចេញពីដី ទ្រូងក៍បានធូរខ្សាក។ មួយសន្ទុះក្រោយមកពេទ្យបានបីកូនស្រីខ្ញុំចេញមកក្រៅ (ខ្ញុំដឹងថាជាកូនស្រីមុនទៅហើយ ព្រោះឆ្លុះអេកូច្រើនដងហើយ ឃើញស្រីរហូត) ។ នាងតូចហ្នឹង មុខឡើងមូល សម្បូរសាច់ ចំណែកស្បែកវិញ សរស្គុសតែម្តង។ ម៉ាក់សួរពេទ្យថា “អ្នកគ្រួពេទ្យ យកស្អីលាបចៅខ្ញុំហ្នឹងបានសម៉េស?” ពេទ្យថា “សាច់គេសចឹងតើ មានបានលាបអីណា មិនជឿប៉ះខ្លួនឯងទៅ” ។

ស្មាមញញឹមចាប់ផ្តើមមានឡើងវិញលើផ្ទៃមុខទាំងអស់គ្នា។ ខ្ញុំអីណេះនៅញញឹមបិទមាត់មិនជិត ព្រោះឃើញកូនមុខគួរឲ្យស្រលាញ់យ៉ាងនេះ។ ពេលឃើញកួនភ្លាម ខ្ញុំពិនិត្យមើល ច្រមុះមុនគេ ខ្លាចមិនស្រួចដូចឳម៉ែវា ។ មានអីច្រមុះបានផស់គេតើ មានខ្ទង់ត្រឹមត្រូវហើយ។ ខ្ញុំមិនពិនិត្យមើល​ម្រាមដៃជើងទេព្រោះបានថែម 😀 ដឹងថាគ្រប់អស់ហើយ។

កូនខ្ញុំកើតនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ៣:៥៣នាទីរសៀល ត្រូវនឹងថ្ងៃ១៥កើត ខែភទ្របទ គ.ស ២៥៥៤ ឆ្នាំខាល


សួស្តី ខ្ញុំតឹមតែអាយុបាន ២០នាទីទេចា៎ ពេលប៉ាៗខ្ញុំថតហ្នឹងនោះ


ទីបំផុតទន្លេត្រូវបានឆ្លងរួច ដោយសុវត្ថិភាព


ទើបតែងូតទឹករួច ចា៎


កំពុងគេងលក់យ៉ាងស្រួល

កូនខ្ញុំឈ្មោះអី ?

ប៉ាខ្ញុំគាត់ត្រៀមឈ្មោះមួយតារាងទុកឲ្យចៅគាត់តាំងពីគេនៅក្នុងពោះម្ល៉េះ។ គ្រាន់តែថាខ្ញុំនៅពិនិត្យមើល រកឈ្មោះណាដែលពិរោះនិងមានន័យគ្រប់​គ្រាន់សិន។ ប៉ាគាត់ហៅឈ្មោះក្រៅចៅថា “បូរមី” (ព្រោះគេកើតចំថ្ងៃពេញបូរមី) ឬគាត់ហៅថា “ស្រីម៉ុច” ឲ្យជួនជាមួយម្តាយគេ “ស្រីម៉ុម”។ ចំណែកឈ្មោះក្នុងបញ្ជីជាតិវិញខ្ញុំបានសម្រេចដូចខាងក្រោម៖

– ឳពុកឈ្មោះ៖ បណ្ឌិត > អ្នកប្រាជ្ញ (មិនទាន់ជាអ្នកប្រាជញទេអីលូវ បើអ្នកព្រោកអីថាខ្លះ), អ្នកមានចំណេះដឹងខ្ពង់ខ្ពស់

==> ចឹងកូន ឈ្មោះកូនក៍ត្រូវមានឈ្មោះដែលមានន័យស្រដៀងៗហ្នឹងដែរ ។ ប្រុងដាក់ “ម៉ាស្ទឺ” ហើយតើបើមិនចឹងទេ “បរិញ្ញាបត្រ” 😀 តែតាមតារាងឈ្មោះដែលប៉ាខ្ញុំគាត់ឲ្យខ្ញុំពេញចិត្តឈ្មោះ “សិរី” > មង្គល, សួស្តី , ប្រសើ  “មុនិ” > អ្នកប្រាជ្ញ, អ្នកមានចំណេះវិជ្ជាខ្ពង់ខ្ពស់ > , “សិរីមុនិតា” > ស្ត្រីអ្នកប្រាជ្ញ អ្នកមានចំណេះដឹង  ប្រកបដោយមង្គលដ៍ប្រសើរ ។

– ដូច្នេះកូនខ្ញុំមានឈ្មោះថា ” ភុន សិរីមុនិតា” ជាអក្សរឡាតាំង “PHUN SEREYMUNITA”

មុខដូចអ្នកណា?

មិនពិបាកឆ្លើយ ផលិតផលផស់ឳវាប្រាកដជាដូចឳវាមិនខាន ។ ទម្រង់មុខ សំបូរសក់ ត្របកភ្នែកនិងច្រមុះគឺឳវាសុទ្ធ(អ្នកខ្លះថាដូចប៉ាក្មេកខ្ញុំ តែគេថាខ្ញុំនិងប៉ាក្មេកខ្ញុំមុខមាត់ដូចគ្នា ចឹងកាត់ទៅគាត់មិនខុសពីកាត់មកខ្ញុំទេ), សម្បុរស កាត់ទៅម៉ាកយាយ, ភ្នែកធំៗ និងចិញ្ជើមកាត់ទៅប្រពន្ធខ្ញុំ ។


ខ្ញុំដូចប៉ាៗដែរឬទេ ពូអ៊ុំមីងៗ ទាំងឡាយអើយ?


អាយុបាន ជាង១០ថ្ងៃ

ខ្ញុំជាប៉ាគេហើយ????

ដូចភ្លាមៗពេកហើយ កាច់សឹងមិនទាន់ ចង់ថ្លោះចង្កេះ។ មានអ្នកណាមានដំបូន្មានអ្វីក៍ជួយយកតែបុណ្យខ្លះផង សំរាបប៉ាៗថ្មីថ្មើងដូចរូបខ្ញុំ។
សរុបមក ជីវិតខ្ញុំបានមកដល់របត់ថ្មីមួយទៀតហើយ ។ មានរឿងច្រើនទៀតត្រូវឲ្យខ្ញុំរ៉ាប់រង តែមិនថ្វីទេ កូនបានធ្វើជាកំលាំងចិត្តដល់ខ្ញុំសំរាប់រឿង​គ្រប់យ៉ាង។ “ប៉ាៗ ស្រលាញ់កូន”


សុំបញ្ជាក់នេះមិនមែនទឹកដោះគោទេ គឺជាទឹកដោះប្រពន្ធខ្ញុំ ហេហេហេ… សំបូរហូរហៀពេកច្រកដបខ្លះគ្រាន់កូនបៅពេលយំ
តែប៉ុណ្ណេះថ្លៃបណ្ណាការ ថ្លៃទឹកដោះកាលពីង៉ៃចូលស្តីហ្នឹងខ្ញុំអត់មានខាតទេ កិកិកិ…..

One thought on “កូនខ្ញុំកើតហើយ

  1. YO YO YO Congratulation បណ្ឌិត ក្លាយជាលោកឪពុកគេហើយ នាងពិតគួអោយស្រលាញ់ណាស់ !

Leave a Reply

Your email address will not be published. Required fields are marked *