09/29/15

ធូរថ្លៃដើម្បីសៀវភៅចាស់ៗមួយចំនួន

សួស្ដី!!!

មាន​អ្នក​ណា​ដឹង​ទេ​ថា​បើ​ខ្ញុំ​ចង់​រក្សា​សៀវភៅ​ចាស់ៗ​ទុក​ជា​ឌីជី​ថល​ តើ​ខ្ញុំ​គួរ​ប្រើ​មធ្យោបាយ​របៀប​ណា​?? ស្កែន??​បែប​ពិបាក​បន្តិច​ព្រោះ​សៀវភៅ​ចាស់​ពុក​ផុយ​ច្រើន​ហើយ​។ បត់​ចុះ​បទ​ឡើង​ពេល​ស្កែន​វា​នឹង​រហែក​មិន​ខាន​។ បើ​បង​ប្អូន​ណា​ដឹង​ជួយ​ប្រាប់​យក​តែ​បុណ្យ​ផង​ណា​។

សូម​រំលឹក​ប្រវត្តិ​សៀវភៅ​ចាស់ៗ​អស់​ហ្នឹង​បន្តិច​។ កាល​ខ្ញុំ​នៅ​ជា​ forever​ alone​ កន្លែង​ដែល​ខ្ញុំ​ឧស្សាហ៍​ជាន់​ជាង​គេ​ មិន​មែន​ហាង​ហ្គេម​ មិន​មែន​ក្លិប​ តែ​ជា​បណ្ណាល័យ​។ ខ្ញុំ​ចូល​តាំង​ពី​ព្រឹក​ រហូត​ថ្ងៃ​ត្រង់​មក​ផ្ទះ​ញ៉ាំ​បាយ​ ហើយ​ល្ងាច​ទៅ​ទៀត​ រហូត​ដល់​ម៉ោង​ប្រាំ​ក៏​ចូល​រៀន​តែ​ម្ដង​។ ខ្ញុំ​រៀន​យប់​តាំង​ពី​ឆ្នាំ​ទី​ពីរ​មក​ មិន​មែន​ចង់​ទុក​ពេល​ធ្វើ​ការ​ ឬ​ដើរ​លេង​ទេ​ គឺ​ទុក​ចូល​បណ្ណាល័យ​អាន​សៀវភៅ​ ម្យ៉ាង​រឿង​មាន​សង្សា​គ្រាន់​នាំ​ដើរ​នោះ​ក៏​ទេ​ដែរ​។ ខ្ញុំ​ជា​ចៃ​បណ្ណាល័យ​។​

ថ្ងៃ​មួយ​នៅ​បណ្ណាល័យ​សម្ដេច​ហ៊ុន​សែន​ នៃ​ RUPP​ គេ​មាន​ប្រមូល​សៀវភៅ​ចាស់ៗ​លក់​ចេញ​ក្នុង​តម្លៃ​ថោកៗ​ ខ្ញុំ​ក៏​ឈរ​តម្រង់​ជួរ​ចាំ​ទិញ​សឹង​រាល់​ង៉ៃ។ អ្នក​ដែល​ស្រលាញ់​សៀវភៅ​នាំ​គ្នា​តម្រង់​ជួរ​ដណ្ដើម​គ្នា​ទិញ​ឱ្យ​រញ៉ី​។ ង៉ៃ​ខ្លះ​ខ្ញុំ​មាន​លុយ​តែ ២០០០៛​ ក៏​ឈរចាំ​ទិញ​នឹង​គេ​ដែរ ព្រោះ​សៀវភៅ​ខ្លះ​ចាស់​ពេក​គេលក់​តែ ​៥០០៛ ទៅ​ ១០០០៛​ ឬ​ ២០០០៛-៥០០០៛ និង​ ១០០០០៛ តាម​អេតា​ (រូបរាង)​ ស្អាត​ ឬ​មិន​ស្អាត​។ សៀវភៅ​ដែល​អ្នក​បាន​ឃើញ​ក្នុង​រូប​នេះ​តម្លៃ​តែ ៥០០៛​ប៉ុណ្ណោះ​។

old-book1

សៀវ​ភៅ​ Famous Chinese Short Stories សរសេរ​ដោយ Lin Yutang. បោះ​ពុម្ព​ឆ្នាំ​ ១៩៥៨

និយាយ​ដូច​ហែកកេរ្តិ៍​ខ្លួន​ឯង​តិច​ចុះ​។ ហេតុ​តែ​លោភ​ ណា​មួយ​ស្រលាញ់​សៀវភៅ​ និង​ចង់​សន្សំ​របស់​ចាស់ៗ​ (របស់​ចាស់ៗ​ កាមេរ៉ា​ចាស់ៗ​អាច​នឹង​សន្សំ​ទុក​ តែ​ថា​ស្រី​ចាស់ៗ​ជួយ​មិន​បាន​ទេ) ផង​នោះ​ ទោះ​ក្នុង​ហោប៉ៅ​មាន​ប្រហែល​ ២០០០៛-៣០០០៛ ក៏​មក​តម្រង់​ជួរ​នឹង​គេ ក្នុង​ចិត្ត​គិត​ថា​ទិញ​សៀវភៅ​ណា​តម្លៃ​ត្រឹម​ ៥០០៛​ ឬ១០០០៛​អី​បាន​ហើយ​។ លុយ​ប៉ុណ្ណឹង​អាច​បាន​ប្រហែល​ ២-៣​​ក្បាល​អីដែរ​បើ​មួយ​ក្បាល​៥០០៛​អី។ តែ​មាន​អី​ណា​ សៀវភៅ​ដែល​មើល​ទៅ​ពេញ​ចិត្ត បែរ​ជា​គេ​ដាក់​លក់​ដល់​ទៅ​ ១០០០៛ ឬ​២០០០​៛ឯ​ណុះ​។ មិន​ដឹង​គិត​យ៉ាង​ម៉េច​ខ្ញុំ​ប្រើ​មធ្យោបាយ​ធូរ​ថ្លៃ​តែ​ម្ដង​។ ដោយ​សារ​គេ​សរសេរ​តម្លៃ​នៅ​ចុង​សន្លឹក​ ចឹង​មើល​ឆ្វេង​ស្ដាំ​ ខ្ញុំ​បន្លំ​ហែក​អា​ចុង​សន្លឹក​ហ្នឹង​ចោល​ ហើយ​លូកយក​ប៊ិច​ពី​ហោ​ប៉ៅ​សរសេរ​ដាក់​តម្លៃ​ខ្លួន​ឯង​ ៥០០៛​ សៀវភៅ​ណា​គេ​ដាក់​ថ្លៃ​ដល់​ ២០០០៛​ អី​ខ្ញុំ​ហែក​ចោល​ សរសេរ​ដាក់​វិញ​ ១០០០៛អី​ហ្នឹង​។ ង៉ាស​ៗៗៗ ទៅ​ណា​វា​ល្បែង​។ និយាយ​ឱ្យ​ស្រួល​ស្ដាប់​ដាក់​តម្លៃ​ថោក​សមរម្យ​។

សំនួរ​សួរ​ថា​ ចុះ​គេ​មិន​ឆ្ងល់​ទេ​ថា​ឃើញ​អក្សរ​សរសេរ​ប្លែក​?? ចម្លើយ​ងាយ​ណាស់​ មុន​ហែក​ខ្ញុំ​មើល​អក្សរ​ហ្នឹង​សរសេរ​ខ្វៀក​អា​ម៉េច​ខ្លះ​ ខ្ញុំ​សរសេរ​ខ្វៀក​ឱ្យ​ដូច​តា​ម្រ៉ង​ ម្យ៉ាង​ពូ​មីង​ដែល​សរសេរ​ដាក់​តម្លៃ​ហ្នុង​មាន​ច្រើន​គ្នា​ ពី​ណា​ទៅ​ចាំ​អស់​ថា​ជា​អក្សរ​អ្នក​ណា​!!! មធ្យោបាយ​ធូរ​ថ្លៃ​បែប​នេះ​ក៏​ខ្ញុំ​ចេះ​នឹក​ឃើញ​ដែរ​លោក​ មិន​សរសើរ​មិន​បាន​។ ដោយ​វិធី​នេះ​ រាល់​ថ្ងៃ​ខ្ញុំ​កាន់​សៀវភៅ​មក​ផ្ទះ​វិញ​មិន​តិច​ជាង​ ៥​ ទៅ​ ១០​ក្បាល​ឡើយ​។

សៀវ​ភៅ​មួួ​យ​ក្នុង​ចំណោម​សៀវភៅ​ទាំង​ឡាយ​ដែល​ខ្ញុំ​បាន​ហែក​តម្លៃ​ដើម​វា​ចេញ។ តាម​ខ្ញុំ​ចាំ​តម្លៃ​ហ្ស៊ីន​ដែល​គេ​សរសេរ​គឺ ២០០០៛

សៀវ​ភៅ​មួួ​យ​ក្នុង​ចំណោម​សៀវភៅ​ទាំង​ឡាយ​ដែល​ខ្ញុំ​បាន​ហែក​តម្លៃ​ដើម​វា​ចេញ។ តាម​ខ្ញុំ​ចាំ​តម្លៃ​ហ្ស៊ីន​ដែល​គេ​សរសេរ​គឺ ២០០០៛

ហេតុអ្វី​ខ្ញុំ​ចូល​ចិត្ត​សន្សំ​សៀវភៅ​ចាស់ៗ​ទាំង​នោះ?

ប៉ា​ម៉ាក់​ខ្ញុំ​ក៍​ជា​អ្នក​សន្សំ​សៀវភៅ​ដែរ ពេល​បែក​ពី​អាពត​ចូល​មក​ភ្នំពេញ​ គាត់​ឃើញ​សៀវភៅ​អារាត់​អារាយតាម​ផ្លូវ និង​តាម​ផ្ទះ​មួយ​ចំនួន​នៅ​ក្នុង​ក្រុង គាត់​ក៏​បាន​ប្រមូល​ទុក។ ពេល​ខ្លះ​គាត់​យក​អង្ករ​ទៅ​ដូរ​យក​សៀវភៅ។ ចឹង​ឃើញ​ថា​គាត់​ផ្ដល់​តម្លៃ​ដល់​សៀវ​ភៅ​យ៉ាង​ខ្លាំង។ កាល​ពី​នៅ​ក្មេងៗ​ពួក​ខ្ញុំ​ហេតុ​តែ​មិន​ដឹង​អី យក​សៀវភៅ​ទាំង​នៅ​អាន ពេល​ខ្លះ​លេង​ឱ្យ​រហែក ហែក​យក​មក​ដុត​លេង ហែក​គប់​វង់​ស៊ី​ក្រដាស…។ ដល់​ពេល​ធំ​ឡើង​បាន​ដឹង​ថា​សៀវភៅ​អស់​នោះ​វា​មាន​តម្លៃ​ និង​កើត​ពី​ការ​ខំ​ប្រឹង​ប្រែង​របស់​ពួក​គាត់។ ខ្ញុំ​សោក​ស្ដាយ និង​បាន​ប្ដេជ្ញា​សន្សំ​សៀវភៅ​ចាស់ៗ​ទាំង​នោះ​ឡើង​វិញ៕