10/2/15

ដំណើរ​ផ្សងព្រេង​ថត​រូប​នៅ​កំពង់ឆ្នាំង-កំពង់ធំ

ខាងក្រោមនេះគឺជាការសង្ខេបត្រួសៗនៃដំណើរផ្សងព្រេងថតរូបកន្លងមកនៃការចេញដំណើរលើកទី២ (សាកល្បង) របស់ក្រុមយើង។
ការលំបាកមានច្រើន តែយើងខ្ញុំសូមលើកតែខ្លះៗមកបរិយាយទេ។ កាលនោះពេលត្រលប់មកភ្នំពេញវិញទើបយើងដឹងតំបន់ដែលយើងបានឆ្លងកាត់នោះមានដីស្រូប
តែសំណាងល្អយើងរើសផ្លូវត្រូវ។ ហើយដំណើរបន្តគឺ នៅសប្ដាហ៍ក្រោយនេះ ថ្ងៃទៅ ១១-១៨ ខែតុលា ឆ្នាំ២០១៥។

profile

ដំណើរផ្សងព្រេងថតរូបលើកទី ២ កំពង់ឆ្នាំង-កំពង់ធំ ដោយឆ្លងកាត់បឹងទន្លេសាប៖
យើងបានជួបការលំបាកជាច្រើនហើយក៏រីករាយជាមួយហ្នឹងបទពិសោធន៍ទាំងនេះដែរ។
នាថ្ងៃទី ២៩ ឧសភា ២០១៥ នេះ ៤នាក់គ្រូ និងសិស្សយើង Sovan Philong (គ្រូថាងចេង) ខ្ញុំអមរើន (ស៊ុន អូខុង) Phun Bandith (ជ្រូកប៉ាចេ) និង Chheng Hour (សិស្សប្អូនសាចេ) បានទៅចម្លងធម៌នៅខេត្តកំពង់ឆ្នាំងឆ្ពោះទៅកំពង់ធំដោយចេញដំណើរពីភ្នំពេញទៅ។ លុះទៅដល់ខេត្តកំពង់ឆ្នាំងម៉ោងប្រហែលជា១១យប់ ពួកយើងបានសុំស្នាក់ការនគរបាល នៅមុខសាលាខេត្តដើម្បីដេកនៅក្បែររូបសំណាក់មួយពីព្រោះថាគោលការណ៍ពួកយើងគឺ មិនចំណាយលុយលើការស្នាក់នៅ ចំណែកឯម្ហូបត្រូវធ្វើដោយខ្លួនឯង។

4

ព្រឹកឡើងយើងបន្តដំណើរ ដោយឆ្លងដរពីទីរួមខេត្តកំពង់ឆ្នាំងឆ្ពោះទៅស្រុកកំពង់លែង(ភ្នំនាងកង្រី) ដែលជាគោលដៅថតរូបរបស់ពួកយើង។ បន្ទាប់មកយើងបន្តទៅឃុំដា ស្រុកកំពង់លែងដូចគ្នា ដោយធ្វើការនៅទីនោះរហូតដល់ម៉ោង ៤ល្ងាច។

1

និយាយពីថាវគ្គបន្តនេះគឺញាក់សាច់ដោយហេតុថាខេត្តកំពង់ឆ្នាំង និងកំពង់ធំត្រូវបានខណ្ឌចែកដោយវាលទំនាបនៃបឹងទន្លេសាប។ បើខែទឹកឡើងវិញគឺថាទឹកធំល្វឹងល្វើយដូចសមុទ្រ។
ពួកយើងបានសម្រេចចិត្តថាត្រូវតែបន្តដំណើរទៅមុខដោយមិនរុញរាទោះជាលំបាកយ៉ាងណាក៏ដោយ ។ (មាត់ជាផ្លូវ) ពួកយើងបានសួរអ្នកស្រុកថា តើផ្លូវពីឃុំដានេះ ទៅខេត្តកំពង់ធំអាចទៅរួចទេខែនេះ? គាត់ឆ្លើយថាបាន វាគោកដែរហើយ តែបើមានភ្លៀងគឺលំបាកខ្លាំងណាស់ ។ ពួកយើងចាប់ផ្តើមមើលមេឃឃើញថាស្រឡេះល្អ ក៏សម្រេចបន្តដំណើរទៅមុខ។ នៅតាមផ្លូវពោរពេញទៅដោយវាលស្មៅ វាលខ្សាច់ និងព្រៃលិចទឹក ។ មិនបាន ៣គីឡូម៉ែត្រផង ព្រះអាទិត្រក៏ចាប់ផ្តើមលិចហើយ ផ្លូវក៏លែងមានខ្សាច់ គឺចូលដល់វគ្គភក់ និងដីល្បាប់ ។ មេឃកាន់តែងងឹត ផ្លូវក៏កាន់តែលំបាក សេវាទូរស័ព្ទក៏គ្មាន Google Map ក៏ជួយពួកយើងលែងបាន។ គ្រានោះយើងទើបដឹងថា តំបន់នោះទើបតែភ្លៀងរួចពីព្រឹកទេ ពីព្រោះថា ផ្លូវគឺរអិលខ្លាំងណាស់ ពួកយើងក៏កាន់តែអស់កម្លាំងខ្លាំងណាស់ដែរ ព្រោះម៉ូតូពួកយើងដឹកសំភារៈច្រើន រួមទាំងគ្រឿងធ្វើម្ហូប។ យើងដើរលឿនជាងជិះ ឈរក៏មិននឹង ព្រោះសណ្ឋានដីដូចលាបប្រេង រីឯទិសដៅក៏មិនដឹងនៅទីណា មើលទៅល្វឹងល្វើយដាច់កន្ទុយភ្នែកឃើញតែផ្កាយផ្លុងៗ ខ្ញុំ មើលទូរស័ព្ទឃើញថាម៉ោង ៨យប់ទៅហើយ ។ វគ្គនេះហើយដែលធ្វើឲ្យខួរក្បាលពួកយើងចងចាំមិនភ្លេច គឺម៉ូតូរបស់ពួកយើង វិលកង់បានយើងច្រើន ១០ម៉ែត្រ ត្រូវអង្គុយខ្វេះដីស្អិតដែលជាប់នៅនឹងកង់ ឬ មនុស្ស៤នាក់ត្រូវរុញម៉ូតូមួយគ្រឿងម្តងៗ ដើម្បីធ្វើយ៉ាងណាឲ្យអាចទៅមុខបានខ្លះ ។ យើងធ្វើបែបនេះរហូត ទាល់តែអស់កម្លាំងរៀងៗខ្លួន ចំណែកឯក្រពេះកាន់តែស្រែកឃ្លានយ៉ាងខ្លាំង ហើយពេលស្រែកទឹកយើងត្រូវផឹកទឹកមួយដប ៤នាក់ព្រោះអស់ទឹកទៅហើយ រីឯមេឃវិញគឺងងឹតសូន្យសុង រកមើលទិសតំបន់អ្វីមិនឃើញសោះ។ ក្រពះកាន់តែឃ្លាន ហើយកាន់តែស្រែកទឹក តែយើងមិនអាចដាំបាយបានទេ ព្រោះតំបន់នោះមានតែភក់ និងដីល្បាប់។ ប៉ុន្តែពួកយើងនៅតែមិនអស់សង្ឃឹមចំពោះដំណើរមួយនេះ ហើយពេលដែលអស់កម្លាំងខ្លាំងគ្មានអ្វីក្រៅពីដេកលើភក់ ដោយយើងមិនអាចដេកលើស្មៅបានទេ ព្រោះសម្បូរសត្វពស់។

3

ទីបំផុតម៉ោងប្រមាណជា ១កន្លះកណ្តាលអាធ្រាតពួកយើងបានមកដល់ភូមិតូចមួយដែលមានតែ ៧ផ្ទះ តែប៉ុណ្ណោះ (ពុទ្ធោអើយដីតែ ៣០គីឡូម៉ែត្រជាង ពួកយើងធ្វើដំណើររហូតដល់ទៅជាង ១០ម៉ោង)។ ពេលនោះនៅក្នុងអារម្មណ៍ខ្ញុំបានគិតថា តើពួកយើងពិតជាបានជួបនឹងភូមិតូចមួយនេះ ឬជាការស្រមើស្រមៃ? តែសំណាងល្អ ពេលពួកយើងហៅអ្នកភូមិឃើញថា ពិតជាមានមនុស្សរស់នៅមែន ហើយគាត់ក៏យល់ព្រមឲ្យពួកយើងស្នាក់អាស្រ័យមួយយប់ និងចាប់ផ្តើមស្រុះមីហូប។ ទោះយ៉ាងណាក៏មិនទាន់ជួបសំណាងល្អ ព្រោះថា លោកគ្រូ បានបាត់កាបូបលុយ ដែលមានឯកសារសំខាន់សម្រាប់ក្រុមការងារយើង ដូចនេះខ្ញុុំ និងគាត់គ្មានជម្រើសអ្វីក្រៅពីបកត្រឡប់ទៅតាមផ្លូវចាស់ដែលបានមក ប៉ុន្តែនៅតែរកមិនឃើញ រួចក៏ត្រឡប់មកផ្ទះនោះវិញនៅម៉ោង ៣ភ្លឺ ដើម្បីដេកយកកម្លាំង ចាំព្រឹកឡើងម៉ោង ៦ចាំចេញទៅរកម្តងទៀត។ សំណាងល្អ គាត់ជាមួយនឹងសិស្សប្អូន ឆេង ហួរ បានរកឃើញការបូបនោះវិញ។ ព្រឹកឡើងយើងចាប់ផ្តើមបន្តដំណើរទៅខេត្តកំពង់ធំ ដោយមិនបានងូតទឹកអ្វីទាំងអស់ព្រោះគ្មានទឹក ហើយពីយប់គឺដេកទាំងខ្លួនប្រឡាក់ភក់តាំងពីក្បាលដល់ចុងជើង។ ដំណើរបន្តនេះ គឺយើងត្រូវធ្វើដំណើរនៅលើវាលខ្សាច់ ដ៏ស្ងួតហែងប្រហែលជិត ២០គីឡូម៉ែត្រទៀត ទើបដល់ទីប្រជុំជន។
ខ្ញុំនៅចំាបានរឿងមួយទៀត គឹនាម៉ោង ប្រហែល១០យប់ ដែលពួកយើង ឋិតក្នុងស្ថានភាពលំបាកនៅកណ្តាលវាលទំនាបបឹងទន្លេសាបនោះ នៅពេលដែលខ្ញុំឡើងឈរលើម៉ូតូស្រាប់តែ អាចឲ្យទូរស័ព្ទខ្ញុំមានសេរវាមួយកំាដែរ ហើយពួកយើងបានត្រឹមព្យាយាមតេមកអ្នកផ្ទះ ដើម្បីកុំឲ្យមានការបារម្ភពួកយើង ហើយខ្ញុំបានតេមកមនុស្សជាទីស្រលាញ់ខ្ញុំ ដោយកុហកថា ( អូនអើយ! ពេលនេះបងមកដល់កំពុងធំហើយ បងមានសុវត្ថិភាពហើយ និងនៅក្នុងផ្ទះសំណាក់មួយក្នុងទីរួមខេត្ត កុំបារម្ភបងអី រាត្រីសួស្តី) ការពិតខ្ញុំកំពុងតែជួបឧបសគ្គយ៉ាងលំបាក និងប្រឈមជាមួយតំបន់ដីស្រូបសោះ៕
————————————-
យើងខ្ញុំសង្ឃឹមថា យើងនឹងទទួលបានការឧបត្ថម្ភខ្លះ ចំពោះដំណើរផ្សងព្រេងថតរូបបន្តទៀតនេះ។
រាល់ការឧត្ថម្ភ យើងខ្ញុំនឹងមានការប្រកាសចំនួនពិតប្រាកដ បើសិនជា អ្នកផ្តល់ជំនួយ យល់ព្រមឲ្យប្រកាស។
លេខទូរស័ព្ទទំនាក់ទំនង៖
ខ្ញុំបាទ អមរើន: 093 656 345
លោក Phun Bandith: 016 64 16 76
លោក Chheng Hour: 070 31 38 91
សូមមេត្តា ជួយShare និង ចូលរួមឧបត្ថម្ភដើម្បីគំាទ្រពួកយើងផង

អត្ថបទដោយ៖ អមរើន