02/14/11

៥ឆ្នាំមុន!!

ដូចពាក្យគេថា “Time flies” ពេលវាលាដើរទៅមុខលឿនដូចព្យុះ ដើរហើយគ្មានងាកក្រោយអ្វីបន្តិចសោះឡើយ។ មកទល់ថ្ងៃនេះ ១៤ ខែកុម្ភះ ឆ្នាំ ២០១១​រយៈពេល ៥ឆ្នាំហើយដែលយើងស្រលាញ់គ្នា។ នឹកដល់កាលថ្ងៃនោះ ១៤ កុម្ភះ ឆ្នាំ ២០០៦ ខ្ញុំបានសុំស្នេហ៍ប្រពន្ធទាំងអៀនៗ ។ បើនិយាយពីរឿងសុំ​សេ្នហ៍គេ អាឌិត ខ្ញុំកាលណោះជាលើកទីមួយហើយ។ តែសូមជំរាបមិនមែនសុំង៉ៃទី ១៤ បានចំលើយថា Yes ង៉ៃហ្នឹងទេណា។ នាងមិនមែនចិត្តងាយ​ឯណា។ ទាល់តែ៥ថ្ងៃក្រោយមកទើបខ្ញុំបានទទួលចំលើយថា អូឃេ។ និយាយដល់រឿងប្តីប្រពន្ធសុភាសិតចិននិយាយថា “សាងបុណ្យជាមួយគ្នា ១០ជាតិបានធ្វើជាមិត្តភក្តិ  ១០០ជាតិបានធ្វើជាបងប្អូន ១០០០ជាតិបានធ្វើជាប្តីប្រពន្ធ”  រីឯងកំណាព្យចិនវិញ “ទឹកហូក្រោមស្ពាន ដកដាវកាត់ទឹក ទឹកនៅតែហូរ …..(កំណាព្យចិនចឹងឯងគ្មានកន្លែងជួនទេ)” ។ ពេលវាលាទៅលឿនមែន វត្ថុគង់ប្រែប្រួល ចុះមនុស្ស?? ណាស់ហើយកុំឲ្យវែងឆ្ងាយ ថ្ងៃនេះមកគឹគ្រាន់តែចង់បង្ហាញរូបភាព ខ្លះដែលបញ្ជាក់ថាវត្ថុគង់ប្រែប្រួល តែមនុស្សប្រហែលជាមិនខុសគ្នាដែរទេមើលទៅ។

07/1/09

ចាក់សោរផ្ទះចោលចូលរោងការ កិកិកិ….

មិនមានពេលបរិយាយច្រើនទេគ្រាន់តែសុំជំរាបបងប្អូនទាំងអស់សុំចាក់ផ្ទះចោលទៅសម្ងំយកសេចក្ដីសុខហើយ។
ជាប់ភារកិច្ចត្រូវចូលរោងការង៉ៃនេះឯង។ ល្ងាចនេះចូលរោង សូត្រមន្ត ស្អែកបានង៉ៃការតែម្ដង។ ថ្មើនេះទៅហើយកូនកម្លោះ​ឆ្លៀតមកសរសេរប្លក់ទៀត……. បាយ បាយ បាយទាំងអស់គ្នា។

ម៉ស់អញ្ជើញបងប្អូនការតាមប្កក់ម្ដងមើល


កុំភ្លេចចូលរួមណា ចូលរួមតាមប្លក់ចងដៃតាមប្លក់ក៍បាន

06/6/09

មានគេថាខ្ញុំជាអ្នកពូកែសន្សំរឿង???

ចុមទៅជាចឹងទៅ??? អ្នកណាពូកែសន្សំរឿង?? ចឹងបានចេះតែឆ្ងល់ថា មាន Link អីនៅប្លក់ខ្ញុំបានជាចុចអានមិនឃើញសោះ។ កុំតែបានSearch មើល link ហ្នឹងក៍ឃើញដំណរវានៅ http://feed.e-khmer.net/storiesbyblogger.php?blogid=486 ទៅវិញបានខ្ញុំដឹង។ មិនដឹងជាម្ចាស់គេនឹកឃើញអាម៉េចបានជាលុបទៅវិញ មិនចាំខ្ញុំមកបកស្រាយសិន។ ខ្ញុំមិនដឹងរឿងអីសោះ តឹមតាបើកមើលអាំងតាណែតម៉ិញនេះ ក៍ឃើញថាមានគេថាខ្ញុំនឹង ជាអ្នកពូកែសន្សំរឿង?? “ជួបជាមួយអាអ្នកពូកែសន្សំរឿង​” ។ ខ្ញុំខំតបខំមេននៅប្លក់របស់ រចនាដែរ តែបន្ទាប់ពីសរសេរយ៉ាងវែង ហើយចុច Say it ស្រាប់តែបាត់ខំមេន។ ចឹងហើយក៍មក​ផុសធ្វើការបកស្រាយតិច កុំឲ្យគេថាខ្ញុំហ្នឹងអណ្ដើកក្នុងស្នូក។ មកពីមិនដឹងមែន ហើយម្យ៉ាងខ្ញុំមិនមានពេលឆែក​ប្លក់ច្រើនទេ។ ការបកស្រាយមានដូចខាងក្រោម៖

ប្រហែលជាមានការយល់ច្រលំអីហើយ….កាលង៉ៃខ្ញុំតបខមមែនហ្នឹងមិនបានឃើញខមមែនរបស់បុត្រទេ គឺឃើញតែខមមែនរបស់បូរាណនិយាយថា “អាវ” តែប៉ុណ្ណោះ ទើបបានជាខ្ញុំតបថា “មិនមែនអាវទេគឺ Brush…” បុត្រឯងសាកគិតទៅមើល​បើខ្ញុំតបខំមែនបុត្រឯងខ្ញុំគួរតែនិយាយថា “មិនមែនអាវអីគេទេ… ឬក៍ មិនមែនអាវឌីជេទេ ឬក៍ មិនមែនអាវយឺតទេ គឺជា Brush….” ម្យ៉ាងទៀតបើខ្ញុំចង់តបជាមួយបុត្រឯងនោះ Level របស់ខំមេនខ្ញុំគឺនឹងនៅក្រោមខំមេនរបស់បុត្រឯងហើយ ម៉េចក៍ Level របស់យើងទំាងពីរនៅក្រោមខំមេនរបស់ បូរាណដូចគ្នា??  ដូច្នេះខ្ញុំសនិ្នដ្ឋានថា៖ ខណៈដែលខ្ញុំកំពុងតបខំមេនរបស់បូរាណនោះ​ បុត្រឯងក៍កំពុងតែតបគាត់ដូចគ្នា ចឹងហើយបានជាខ្ញុំមិនឃើញខំមេន​បុត្រឯង ឃើញតែរបស់បូរាណ ដល់ហើយខ្ញុំចុច ដើម្បីផុសខំមេននោះទៅវាអាចខុសគ្នាតែប៉ុន្មានវិនាទីប៉ុណ្ណោះទើបបាន​ ជាខំមេនខ្ញុំចេញក្រោយផស់បុត្រឯង ទើបធ្វើឲ្យមានការយល់ច្រលំ។ ក្រោយពីតបរួចខ្ញុំក៍បិទដោយមិនចាប់អារម្មណ៍​អំពីខំមេនបន្ដបន្ទាប់អីទេ ។ ដល់ង៉ៃ ៣/០៦/2009 ខ្ញុំទៅប្លក់ផស់បុត្រឯងត្រង់ “នាងធ្វើឲ្យខ្ញុំឈឺក្បាល…” ដោយខ្ញុំបានទាំងដាក់ខំមេនមួយនៅទីនោះ ដែលបុត្រក៍តបមកថាខ្ញុំធ្វើដូចអត់មានរឿងអី។ អាណាដឹង!!! បើអត់ដឹងរឿងអីមែនហ្នឹង??? បើដឹងស្មានតែខ្ញុំតបចឹងអី?? ខ្ញុំមាត់ឆៅមិន​ណយដែរគ្រាន់តែម៉ាជេរគ្នា អនឡាញ ខ្ញុំខ្លាចអីហ្នឹង?? មួយវិញទៀតខ្ញុំមានហេតុផលណាស់ មុននឹងប្រើពាក្យជាមួយអ្នកណាមួយក្នុងខំមេន។ បើអ្នកនោះខ្ញុំមិនស្គាល់ ឬមិនសូវជាតបទៅតបមកក្នុងពិភពប្លក់ទេ សំដីខ្ញុំជាមួយគេគឺធម្មតា មិនមាត់ឆៅចឹងឡើយ។ តែបើអ្នកនោះខ្ញុំស្គាល់ខ្ញុំ និយាយមាត់ឆៅតែចឹង ព្រោះខ្ញុំជឿថាអ្នកដែរខ្ញុំស្គាល់ច្បាស់ជាមិនប្រកាន់នាំកើតរឿងប្រកាច់​ ប្រកិនឡើយ។ មិនជឿសួរអ្នកទាំងនោះទៅដឹងហើយ។ សរុបមកជាការយល់ច្រលំ ខ្ញុំក៍មិនប្រកាន់ហ្នឹងសំដីបុត្រឯងដែរ ខ្ជិលនាំ​វែងឆ្ងាយ។ រឿងតាស៊ីក្លូ តភាគមិនទាន់ចប់ហង ក្រែងមានរឿងមួយទៀត​នាំកក្រើកប្លក់អីទេ។ ថាខ្ញុំណែនាំបុត្រ​​​​​​ឯងក៍ថាបាន លើកក្រោយខឹងអ្នកណាខឹងទៅ កុំមកជះលើគេលើ ឯងដោយមិន​គិតមុខគិតក្រោយចឹង អូឃេ?

ការបកស្រាយមានតែប៉ុណ្ណឹង អេវំ…


ខំមែនដែលខ្ញុំបានតប អានមើលរ៉ូវអ្នកណានិយាយឈ្លើយជាងអ្នកណាទេ


Link នៅប្លក់ខ្ញុំ ដែលក្រោយមកម្ចាស់ប្លក់គេលុបវិញបាត់ទៅ

06/2/09

ខ្ញុំឃើញគេរៀបការ…

កាលពីខែមុននេះ (ខែ៥) ស៊ីការដូចព្យុះ កាន់តែពិបាកចិត្តនោះ គឺត្រូទៅទាំងគូរចោលមិនបាន។ ម៉ែ… ច្រើនរោងដែរហ្នឹង​គ្រាន់តែសរុបជាថវិការ ម៉ាសន្លឹកជាងដឹង!!! (អ្នកខ្លះថាតិចសំរាប់គេ តែខ្ញុំអីនេះមួយចំរៀកៗពិបាករកណាស់លោក)។ “ឃើញគេរៀបការ ចិត្តចង់តែរៀបការដែរ តែមិនដឹងង៉ៃណា!!! ដល់វេនខ្ញុំទេ” ហេហេហេហេ…. តែមិនថ្វី តទឹកឲ្យទៅមុនសិនចុះ។​ចាំមើលតែដល់វេនខ្ញុំវិញណា ខ្ញុំប្រកាសឲ្យក្ដែងៗតាមប្លុកហ្នឹងតាម៉ង ។ ដល់ង៉ៃហ្នឹងពួកភូមិវើតប្រេសណាខ្លះទេណ៎ មានសំណាងបានទទួលសំបុត្រពីខ្ញុំ ហេហេហេហ…. នែវ៉ើយអ្នកដឹងខ្លួន ធំក្លិនខ្លួនឯង បើមិនចង់ម៉ោ បិទទូរស័ព្ទជាមុនឲ្យហើយ​រ៉ូវ 😀


ទៅមុនសិនចុះអាវ៉ា….


មិនបានការក៍ហីទៅ ថតជុំគ្នាវិញមិនឡូយ???


ក្រុមហ្នឹង ក្រុមនគរស្រីល្វោ


នែក…រាំម៉ាបែកញើសជោគតាចឹងឯង


គ្រាន់តាមើលបានហើយ មិនបាច់ស្រក់ទឹកមាត់រ៉េអូនៗ ម្នាក់ពាក់អាវទឹកក្រូចនោះប្រពន្ធគេហើយ ហីអាវស៊ីជម្ពូនោះក៍នឹងជាប្រពន្ធគេដែរឆាប់ៗនេះ 😀


អឺទៅ…ផឹកតាពីរនាក់ឯងហ្នឹងទៅ 🙁


ច្រណែនៗៗៗៗៗ…. ទៅមិនទៀតសិនរ៉ូវ ហើស!!!! :-p

04/13/09

សួស្ដីឆ្នាំថ្មី!!! ចង្រៃឆ្នាំចាស់សូមឲ្យស្រលះអស់ទៅ

គិតថាមកជូនពរឆ្នាំថ្មីដល់ញាតិមិន ភូមិប្លក់យើង “សូមឲ្យទទួលជោគជ័យគ្រប់ភារកិច្ច រកស៊ីមានបាន មានសុភមង្គលបរិបូរណ៍​ពេញមួយឆ្នាំតែម្ដង ជាពិសេសចង្រៃឧបទ្របឆ្នាំចាស់ទាំងប៉ុន្មានសូមជ្រះស្រលះអស់ទៅ” សាធុ!! សាធុ!!

ថាមែន មែន!! និយាយអត់ទាន់ផុតផង ចង្រៃកតឹមមកដល់ព្រឹកម៉ិញហ្នឹងឯង។ ក្រោកឡើងពីស្រវឹងពីយប់ មិនទាន់ស្រួលផង មិនដឹងជាស៊យស្អីវា ឡើងជណ្ដើរមិនប្រយ័ត្នជាន់ខុសមួយកាំសោះ បះជើងផ្ងាក្រោយ គ្រេច កជើង អត់អំពើរ!!! នេះបានចំជាយ៉ាប់។ អាលូវហើមធំគួរសមដែរ ធើអាម៉េចទៅលោក ង៉ៃចូលឆ្នាំស្អែកហ្នឹងហើយ អស់សប្បាយបណ្ដោយ ឆ្នាំចាស់ចឹង!! 🙁

03/18/09

យល់សប្ដិឡប់ៗ

ជាធម្មតាខ្ញុំមិនសំបូររឿងយល់សប្តិអីទេ ហើយបើទោះជាយល់សប្តិក៍ភ្ញាក់ឡើងភ្លេចអស់ដែរ តែចម្លែកអីតែយប់ម្សិលម៉ិញ។ ជាយល់សប្តិអាក្រក់ខ្ញុំអីណេះភ័យចង់ងាប់លោក។ បើសិនជាលោកអ្នកវិញក៍ប្រហែលជាភ័យចឹងដែរហើយមើលទៅ ក្នុងស្ថានភាពដែលយើងដឹងខ្លួនថានឹងស្លាប់។ រឿងគឺវាអញ្ជេះ ៖

…. លោកគ្រូពេទ្យលទ្ធផលពិនិត្យឈាមខ្ញុំយ៉ាងម៉េចទៅហើយ?? (ខ្ញុំសួរយ៉ាងដូច្នេះនៅក្នុងយល់សប្តិ)
“ខ្ញុំចូលរួមសោកស្ដាយផងណាប្អូន! ប្អូនត្រូវទប់ស្មារតី លទ្ធផលរបស់ប្អូនគឺ វិជ្ជមាន”
“ហ្អាស់….. ថាម៉េច??? ” គ្រាន់តែឭចឹងភ្លាមខ្ញុំអីណេះធ្លាក់ថ្លើមឭសូរតែក្ដុក
ខ្ញុំអង្គុយគិតឡើងវិញថាវាមិនអាចទៅរួចទេ… “ទេ… អញដូចប្រើលោកជួយដែរតា មិនថាចឹងហ្អេស?? 😀 ” “អាត្មាអញកំពុងយល់សប្តិ តើមែនទេនៀក??  ឬក៍មែនទែន” អារម្មណ៍មួយគិតថាពិតតិច តែអារម្មណ៍មួយទៀតប្រាប់ខ្លួនឯងថា​យល់សប្តិទេ… 🙂  គិតចុះគិតឡើង ក៍នឹកឃើញមួយទៀត… “ប្រាកដជាមិនអាចទៅរួចទេ ព្រោះខ្ញុំមិនដែលប្រព្រឹត្តបទល្មើស​អីហងហ្នឹង!!! ” ហាហាហា… នៅពេលគិតដល់ចំណុចនេះភ្លាមក៍នឹកឃើញសប្បាយចិត្តវិញ តែអារម្មណ៍ភ័យមួយសន្ទុះមុននោះ​នៅតែមិនទាន់បាត់។ បន្តិចក្រោយមក ខ្ញុំក៍ភ្ញាក់ដឹងខ្លួនទៅ រិតតែសប្បាយចិត្ត ព្រោះដឹងថាវាជាការយល់សប្តិ។

ណាស់ហើយប៉ុណ្ណឹងមានអីអស្ចារ្យម៉ាត្រឹមយល់សប្តិចឹងៗអី  មិនលាក់បាំងអីទេនេះមិនមែនជាលើកទីមួយអីណាដែលខ្ញុំយល់​សប្តិចឹងនោះ 😀 ។ ដូចឆ្កួតចឹងហ្អា… ម៉េចចេះទៅយល់សប្តិឆ្កួតៗ ចឹងទៅកើតណ៎!!! មនុស្សមិនដែលប្រព្រឹត្តបទល្មើសអីហង​ហ្នឹងណា។ និយាយឲ្យត្រង់ទៅ ពេលខ្លះដល់នឹកឃើញដល់អាយល់សប្តិហ្នឹងខ្ញុំអត់ហ៊ានប្រព្រឹត្តបទល្មើសអីទេ… 😆 ខ្លាចសុបិន្តក្លាយជាការពិត សុបិន្តអីផ្សេងក្លាយជាការពិតមិនអីទេ សុបិន្តហ្នឹងមួយបាច់ក្លាយក៍បាន… អរគុណជំរាបលា 😆

02/25/09

Fukuoka តើមានសំរស់យ៉ាងណាទៅណ៎!!!

នៅមិនប៉ុន្មានថ្ងៃទៀតទេខ្ញុំត្រូវធ្វើដំណើរទៅ ទីក្រុង Fukuoka ទីក្រុងហ្នឹងល្អកំរិតណាទៅណ៎?? នេះជាសំនួរខ្ញុំសួរខ្លួនឯង ពីព្រោះ​មិនធ្លាប់ទៅហ្នុងទេ ធ្លាប់តែទៅតូក្យូ។ នៅតូក្យូស្អាតអស់ទាស់ហើយ ទំរាំទីក្រុងដ៍ទៃទៀតប្រហែលមិនខុសគ្នាអីទេ។ ចាប៉ុនទៅហើយទីណាក៍មើលទៅស្អាត និងហាយធិច(High Tech) ដែរ។

ប៉ុន្មាថ្ងៃនេះរវល់នោះដល់ក តែមិនមែនទើបតែប៉ុន្មានថ្ងៃហ្នឹងទេខ្ញុំរវល់តាចឹង មិនទាន់ត្រៀបស្អីឲ្យបានតិចសោះហើយនៀក។ ទាំងខោអាវ ស្បៀង និងយុទ្ធភ័ណ្ឌផ្សេងៗ។

រឿងដែលបារម្ភនោះគឺជើងយន្តហោះត្រូវឆ្លងកាត់ សុវណ្ណភូមិ នៅថ្ងៃគេប្រជុំអាស៊ាននេះឯង​ហើយលឺមកថាពួកអាវក្រហម​ចង់ធ្វើបាតុកម្មផង នេះបើវាលេងដូច​កាលពួកអាវលឿងដូចមុន បិទតារាងយន្តហោះអីហ្នឹងចងប់ស្រច ច្បាស់ជាដេកស្អាត​មិនខាន។ រកទុកចិត្តមិនបានទេបងសៀមៗ អស់ហ្នឹង។
មិនចង់និយាយអ្វីយូរទេខ្លាចគេថា “តាប៉ែ” គ្រាន់តែចង់ប្រាប់ថា សុំបែកមួយរយៈទៅសិក្សាវគ្គខ្លី នៅចាប៉ុននឹងឯង។ ទៅពីរអាទិត្យ​អីណោះ។ ជើងយន្តហោះចេញង៉ៃ ២៨ កុម្ភះ ហើយនឹងត្រលប់មកវិញនៅថ្ងៃ ១៤ ខែមិនា។ ប៉ាយ ប៉ាយ….

Fukuoka Map

05/29/08

អត់អីអួត មានតែអាហ្នឹង

ខានអាប់ដេតប្លប់យូរមកពីរវល់ខ្លាំងពេក ម៉ានង៉ៃហ្នឹងគេងអត់គ្រប់ម៉ោងសោះ យ៉ាងច្រើនបានតែ ២-៣ម៉ោងហ្នឹងឯង។ ង៉ៃនេះអត់មានអីអួតក៍នឹកឃើញអួត​ពីការប្រើអ៊ីនធឺណេតរបស់ខ្ញុំម្តង។ ខណៈដែលក្រុមហ៊ុន 013 គេ ហ្រ្វី​អ៊ីធឺណេត ខ្ញុំអីណេះចាំកាលបានមិនប្រើឲ្យណាណីទាន់ហ្រ្វី 😀 ។

រូបខាងក្រោមនេះបង្ហាញពីទំហំប្រើប្រាស់អ៊ីធឺណេតរបស់ខ្ញុំ រយៈជាង ៣អាទិត្យមកនេះ ដោយសេវា qb របស់ក្រុមហ៊ុន 013 ដែលកំពុងហ្រ្វីនៅឡើយ (តែដូចជាឮថាលែងហ្រ្វីហើយចំពោះ Sim Card ដែលទិញក្រោយថ្ងៃ ១៥ខែ ឧសភានេះ)។ ភ្លេចៗខ្លួន ខ្ញុំនឹកឃើញឆែកមើលក្នុងទូរស័ព្ទខ្ញុំត្រង់កន្លែង Data Packet ដែលបានប្រើ ទើបដឹងថា អស្ចារ្យ។ គ្រាន់តែមើលរូបនេះបានដឹងថាជើងឯកខាងប្រើអ៊ីនធឺណេតមែនៗ ហ្នឹងណា។ ដែលឮអី តែម៉ានអាទិត្យសោះ ប្រើអស់ដល់ទៅ ជាង 5.GB?? អាងតែហ្រ្វីតាម៉ង។ ក្រុមហ៊ុន qb ប្រាកដជាអាលាយមិនខានឲ្យតែមានអតិថិជនម៉ាកៗ ខ្ញុំនេះ ហេសហេសហេស……អំណួតត្រូវបានបញ្ចប់ សូមមើលរូបខាងក្រោម​ទុកជាសក្ខីភាព


All received data ឡើងដល់ 5.72Gb


ចំណែក All sent data វិញគឺ 688.84MB អញ្ចឹងសរុបទៅការប្រើប្រាស់របស់ខ្ញុំនេះគឺ ប្រហែលជា រហូតដល់ទៅ 6GB អីណោះ…..ម៉ែ!!! អានេះបានហៅថា Super ប្រើមែន 😀

 

05/12/08

បាយថ្ងៃត្រង់

ដោយសារសេដ្ឋកិច្ចកាន់តែធ្លាក់ចុះ ម្យ៉ាងសាំងក៍ឡើងថ្លៃពិបាកត្រលប់ទៅផ្ទះវិញដើម្បីញ៉ាំបាយ ចឹងហើយការវេចបាយមកញ៉ាំនៅ Office គឺជាគំនិតដ៍ប្រពៃណាស់។ បានម៉ាក់គាត់ខំងើបពីព្រលឹម​ដាំបាយ និងរៀបចំម្ហូបឲ្យខ្ញុំ អរគុណម៉ាក់ខ្ញុំខ្លាំងណាស់….គ្មានណាគេចិត្តល្អដូចម៉ាក់ខ្ញុំរ៉េ…. :-D។
សំរាប់ថ្ងៃនេះបានម្ហូបពីរមុខ ឆាស្ពៃជ្រក់ និងការីសាច់មាន់ (អាមួយហ្នឹងរៀងហឹរតិច) ។ ចឹងហើយតុធ្វើការរបស់ខ្ញុំ ក៍ជាតុបាយរបស់ខ្ញុំដែរ ហើយក៍ជាកន្លែងខ្ញុំគេងនៅពេលបន្តិច​ទៀតនេះបន្ទាប់ពីញ៉ាំរួច។ ម៉ាពេលនេះ​ឆ្ងាញ់ណាស់ ស្នាដៃម៉ាកខ្ញុំ។ កាលពីមុនអត់មានទំលាប់ធ្វើចឹង តែចាប់តាំងពីអ្វីៗឡើងថ្លៃម៉ោ ខ្ញុំក៍មានគំនិតសន្សំសំចៃខ្លះ ប្រហែលជាមិនទាន់ហួសពេលទេមើលទៅ។ អូហ៍…បើកាលពីមុនវិញ​ចង់ញ៉ាំអីប្រ៉ែនៗ….សំបូរហូរហៀ ខ្វះតែលុយឲ្យ ។ មកដល់អាលូវ ខុសពីមុន គឺអត់សូវមានលុយឲ្យមែន ចឹងហើយចាំកាលបានមិនប្រឹងសន្សំទៅ ។