09/29/15

ធូរថ្លៃដើម្បីសៀវភៅចាស់ៗមួយចំនួន

សួស្ដី!!!

មាន​អ្នក​ណា​ដឹង​ទេ​ថា​បើ​ខ្ញុំ​ចង់​រក្សា​សៀវភៅ​ចាស់ៗ​ទុក​ជា​ឌីជី​ថល​ តើ​ខ្ញុំ​គួរ​ប្រើ​មធ្យោបាយ​របៀប​ណា​?? ស្កែន??​បែប​ពិបាក​បន្តិច​ព្រោះ​សៀវភៅ​ចាស់​ពុក​ផុយ​ច្រើន​ហើយ​។ បត់​ចុះ​បទ​ឡើង​ពេល​ស្កែន​វា​នឹង​រហែក​មិន​ខាន​។ បើ​បង​ប្អូន​ណា​ដឹង​ជួយ​ប្រាប់​យក​តែ​បុណ្យ​ផង​ណា​។

សូម​រំលឹក​ប្រវត្តិ​សៀវភៅ​ចាស់ៗ​អស់​ហ្នឹង​បន្តិច​។ កាល​ខ្ញុំ​នៅ​ជា​ forever​ alone​ កន្លែង​ដែល​ខ្ញុំ​ឧស្សាហ៍​ជាន់​ជាង​គេ​ មិន​មែន​ហាង​ហ្គេម​ មិន​មែន​ក្លិប​ តែ​ជា​បណ្ណាល័យ​។ ខ្ញុំ​ចូល​តាំង​ពី​ព្រឹក​ រហូត​ថ្ងៃ​ត្រង់​មក​ផ្ទះ​ញ៉ាំ​បាយ​ ហើយ​ល្ងាច​ទៅ​ទៀត​ រហូត​ដល់​ម៉ោង​ប្រាំ​ក៏​ចូល​រៀន​តែ​ម្ដង​។ ខ្ញុំ​រៀន​យប់​តាំង​ពី​ឆ្នាំ​ទី​ពីរ​មក​ មិន​មែន​ចង់​ទុក​ពេល​ធ្វើ​ការ​ ឬ​ដើរ​លេង​ទេ​ គឺ​ទុក​ចូល​បណ្ណាល័យ​អាន​សៀវភៅ​ ម្យ៉ាង​រឿង​មាន​សង្សា​គ្រាន់​នាំ​ដើរ​នោះ​ក៏​ទេ​ដែរ​។ ខ្ញុំ​ជា​ចៃ​បណ្ណាល័យ​។​

ថ្ងៃ​មួយ​នៅ​បណ្ណាល័យ​សម្ដេច​ហ៊ុន​សែន​ នៃ​ RUPP​ គេ​មាន​ប្រមូល​សៀវភៅ​ចាស់ៗ​លក់​ចេញ​ក្នុង​តម្លៃ​ថោកៗ​ ខ្ញុំ​ក៏​ឈរ​តម្រង់​ជួរ​ចាំ​ទិញ​សឹង​រាល់​ង៉ៃ។ អ្នក​ដែល​ស្រលាញ់​សៀវភៅ​នាំ​គ្នា​តម្រង់​ជួរ​ដណ្ដើម​គ្នា​ទិញ​ឱ្យ​រញ៉ី​។ ង៉ៃ​ខ្លះ​ខ្ញុំ​មាន​លុយ​តែ ២០០០៛​ ក៏​ឈរចាំ​ទិញ​នឹង​គេ​ដែរ ព្រោះ​សៀវភៅ​ខ្លះ​ចាស់​ពេក​គេលក់​តែ ​៥០០៛ ទៅ​ ១០០០៛​ ឬ​ ២០០០៛-៥០០០៛ និង​ ១០០០០៛ តាម​អេតា​ (រូបរាង)​ ស្អាត​ ឬ​មិន​ស្អាត​។ សៀវភៅ​ដែល​អ្នក​បាន​ឃើញ​ក្នុង​រូប​នេះ​តម្លៃ​តែ ៥០០៛​ប៉ុណ្ណោះ​។

old-book1

សៀវ​ភៅ​ Famous Chinese Short Stories សរសេរ​ដោយ Lin Yutang. បោះ​ពុម្ព​ឆ្នាំ​ ១៩៥៨

និយាយ​ដូច​ហែកកេរ្តិ៍​ខ្លួន​ឯង​តិច​ចុះ​។ ហេតុ​តែ​លោភ​ ណា​មួយ​ស្រលាញ់​សៀវភៅ​ និង​ចង់​សន្សំ​របស់​ចាស់ៗ​ (របស់​ចាស់ៗ​ កាមេរ៉ា​ចាស់ៗ​អាច​នឹង​សន្សំ​ទុក​ តែ​ថា​ស្រី​ចាស់ៗ​ជួយ​មិន​បាន​ទេ) ផង​នោះ​ ទោះ​ក្នុង​ហោប៉ៅ​មាន​ប្រហែល​ ២០០០៛-៣០០០៛ ក៏​មក​តម្រង់​ជួរ​នឹង​គេ ក្នុង​ចិត្ត​គិត​ថា​ទិញ​សៀវភៅ​ណា​តម្លៃ​ត្រឹម​ ៥០០៛​ ឬ១០០០៛​អី​បាន​ហើយ​។ លុយ​ប៉ុណ្ណឹង​អាច​បាន​ប្រហែល​ ២-៣​​ក្បាល​អីដែរ​បើ​មួយ​ក្បាល​៥០០៛​អី។ តែ​មាន​អី​ណា​ សៀវភៅ​ដែល​មើល​ទៅ​ពេញ​ចិត្ត បែរ​ជា​គេ​ដាក់​លក់​ដល់​ទៅ​ ១០០០៛ ឬ​២០០០​៛ឯ​ណុះ​។ មិន​ដឹង​គិត​យ៉ាង​ម៉េច​ខ្ញុំ​ប្រើ​មធ្យោបាយ​ធូរ​ថ្លៃ​តែ​ម្ដង​។ ដោយ​សារ​គេ​សរសេរ​តម្លៃ​នៅ​ចុង​សន្លឹក​ ចឹង​មើល​ឆ្វេង​ស្ដាំ​ ខ្ញុំ​បន្លំ​ហែក​អា​ចុង​សន្លឹក​ហ្នឹង​ចោល​ ហើយ​លូកយក​ប៊ិច​ពី​ហោ​ប៉ៅ​សរសេរ​ដាក់​តម្លៃ​ខ្លួន​ឯង​ ៥០០៛​ សៀវភៅ​ណា​គេ​ដាក់​ថ្លៃ​ដល់​ ២០០០៛​ អី​ខ្ញុំ​ហែក​ចោល​ សរសេរ​ដាក់​វិញ​ ១០០០៛អី​ហ្នឹង​។ ង៉ាស​ៗៗៗ ទៅ​ណា​វា​ល្បែង​។ និយាយ​ឱ្យ​ស្រួល​ស្ដាប់​ដាក់​តម្លៃ​ថោក​សមរម្យ​។

សំនួរ​សួរ​ថា​ ចុះ​គេ​មិន​ឆ្ងល់​ទេ​ថា​ឃើញ​អក្សរ​សរសេរ​ប្លែក​?? ចម្លើយ​ងាយ​ណាស់​ មុន​ហែក​ខ្ញុំ​មើល​អក្សរ​ហ្នឹង​សរសេរ​ខ្វៀក​អា​ម៉េច​ខ្លះ​ ខ្ញុំ​សរសេរ​ខ្វៀក​ឱ្យ​ដូច​តា​ម្រ៉ង​ ម្យ៉ាង​ពូ​មីង​ដែល​សរសេរ​ដាក់​តម្លៃ​ហ្នុង​មាន​ច្រើន​គ្នា​ ពី​ណា​ទៅ​ចាំ​អស់​ថា​ជា​អក្សរ​អ្នក​ណា​!!! មធ្យោបាយ​ធូរ​ថ្លៃ​បែប​នេះ​ក៏​ខ្ញុំ​ចេះ​នឹក​ឃើញ​ដែរ​លោក​ មិន​សរសើរ​មិន​បាន​។ ដោយ​វិធី​នេះ​ រាល់​ថ្ងៃ​ខ្ញុំ​កាន់​សៀវភៅ​មក​ផ្ទះ​វិញ​មិន​តិច​ជាង​ ៥​ ទៅ​ ១០​ក្បាល​ឡើយ​។

សៀវ​ភៅ​មួួ​យ​ក្នុង​ចំណោម​សៀវភៅ​ទាំង​ឡាយ​ដែល​ខ្ញុំ​បាន​ហែក​តម្លៃ​ដើម​វា​ចេញ។ តាម​ខ្ញុំ​ចាំ​តម្លៃ​ហ្ស៊ីន​ដែល​គេ​សរសេរ​គឺ ២០០០៛

សៀវ​ភៅ​មួួ​យ​ក្នុង​ចំណោម​សៀវភៅ​ទាំង​ឡាយ​ដែល​ខ្ញុំ​បាន​ហែក​តម្លៃ​ដើម​វា​ចេញ។ តាម​ខ្ញុំ​ចាំ​តម្លៃ​ហ្ស៊ីន​ដែល​គេ​សរសេរ​គឺ ២០០០៛

ហេតុអ្វី​ខ្ញុំ​ចូល​ចិត្ត​សន្សំ​សៀវភៅ​ចាស់ៗ​ទាំង​នោះ?

ប៉ា​ម៉ាក់​ខ្ញុំ​ក៍​ជា​អ្នក​សន្សំ​សៀវភៅ​ដែរ ពេល​បែក​ពី​អាពត​ចូល​មក​ភ្នំពេញ​ គាត់​ឃើញ​សៀវភៅ​អារាត់​អារាយតាម​ផ្លូវ និង​តាម​ផ្ទះ​មួយ​ចំនួន​នៅ​ក្នុង​ក្រុង គាត់​ក៏​បាន​ប្រមូល​ទុក។ ពេល​ខ្លះ​គាត់​យក​អង្ករ​ទៅ​ដូរ​យក​សៀវភៅ។ ចឹង​ឃើញ​ថា​គាត់​ផ្ដល់​តម្លៃ​ដល់​សៀវ​ភៅ​យ៉ាង​ខ្លាំង។ កាល​ពី​នៅ​ក្មេងៗ​ពួក​ខ្ញុំ​ហេតុ​តែ​មិន​ដឹង​អី យក​សៀវភៅ​ទាំង​នៅ​អាន ពេល​ខ្លះ​លេង​ឱ្យ​រហែក ហែក​យក​មក​ដុត​លេង ហែក​គប់​វង់​ស៊ី​ក្រដាស…។ ដល់​ពេល​ធំ​ឡើង​បាន​ដឹង​ថា​សៀវភៅ​អស់​នោះ​វា​មាន​តម្លៃ​ និង​កើត​ពី​ការ​ខំ​ប្រឹង​ប្រែង​របស់​ពួក​គាត់។ ខ្ញុំ​សោក​ស្ដាយ និង​បាន​ប្ដេជ្ញា​សន្សំ​សៀវភៅ​ចាស់ៗ​ទាំង​នោះ​ឡើង​វិញ៕

08/7/15

សម្លេងទារព្រលឹងញ៉ាក់ប្លោក!

ជាទូទៅខ្ញុំមិនដែលបានឃើញខ្មោច ហើយក៏មិនប្រាថ្នាចង់ឃើញដែរ។ ម្យ៉ាងវិញទៀតខ្ញុំក៏ខ្លាចតិចៗ ចិត្តមិនស្លុយក្នុងការចង់ឃើញ ហើយបើគេបន្លាចក៏ខ្លាចដូចតែគ្នា។ រឿងដែលចង្រៃនោះគឺដើរជាមួយ អាឆាយ (អឿន រស់នៅអមរើន) វាច្បាស់ណាស់​អាមួយហ្នឹងមានក្រយៅខ្មោចឱ្យច្បាស់ក្រឡែត ចឹងហើយចង់មិនចង់ខ្ញុំត្រូវតែមកពាក់ព័ន្ធជាមួយខ្មោចឱ្យទាល់តែបាន។

រឿងគឺវាអីញ្ចេះ៖ ក្នុងដំណើរថតរូបនៅខេត្តកំពង់ធំ យើងជិះម៉ូតូពីភ្នំពេញ កាត់កំពង់ឆ្នាំង ហើយឆ្លងវាលទំនាបលេចទឹកនៃបឹងទន្លេសាប រហូតទៅដល់កំពង់ធំ។ មកដល់ភ្នំសន្ទុកនៃខេត្តកំពង់ធំ ល្ងាចល្មមយើងក៏សម្រេចចិត្តថាគេងនៅទីនោះដោយសុំលោកតាសង្គ្រាជវត្តស្នាក់នៅ។ យប់ឡើងដោយមើលឃើញថាមានផ្ទាំងថ្មមួយនៅក្នុងព្រៃលើភ្នំនេះវាទីតាំងល្អសម្រាប់ថតផ្កាយ (Milkyway) ពួកយើងក៏ជម្រាបយាយជីថាមិនចង់គេងក្នុងវិហារទេ ចង់មកគេងនៅលើផ្ទាំងថ្មហ្នឹងវិញ។
ម៉ាក់យាយជីមិនជួយចូកជួយចែវអីទេមានតែបន្លាចថែម។

«ចៅឯងអត់ខ្លាចទេអី? នៅផ្ទាំងថ្មហ្នុងលោកតាំងសម្មាធិ វិញ្ញាណទាំងអស់នោះចេញមកបន្លាចជាខ្លា ជាពស់ធំៗណាស់ណា»។

«អត់អីទេលោកយាយពួកខ្ញុំមិនខ្លាចទេ (និយាយបែបអឿ តែក្នុងចិត្តមួយៗខ្លាចឱ្យញ័រ ដល់ថ្នាក់មានអ្នកខ្លះពេលងូតទឹកបោកហៅគេថាទៅមើលផ្កាយស្អាតណាស់លើមេឃ តែដឹងអីបោកហៅទៅឈរចាំបានជាគ្នារហូតងូតទឹករួច ព្រោះខ្លាចខ្មោចលង ឆើស!!!)» ពួកយើងតប។

មានសម្លេងរបស់យាយជីម្នាក់បន្ទរបែបចាក់ទឹកត្រី ញ៉ិញម្ទេស «មិនអីទេ ស្រេចតែចៅទៅចុះឱ្យតែពូកែរត់»។ អីយ៉ាស់មួយម៉ាត់នេះចាក់ចំបេះដូងហើយវេស។ តែយ៉ាងណាសំដីពួកគាត់មិនបានធ្វើឱ្យយើងបញ្ឈប់មហិច្ចតាឆ្កួតលីលានោះឡើយ ព្រោះយើងគិតថាជីវិតជាអ្នកថតរូបវាត្រូវតែស្អីក៏ជួបចឹងហើយ ម្យ៉ាងយើងមកល្អជាតើ គេមិនធ្វើបាបយើងទេ។ ទោះជាយ៉ាងណានៅតាមផ្លូវម្នាក់ៗមានសំនួរគិតក្នុងចិត្តថាត្រូវទៅវិញឬអត់ ?

«លោកគ្រូ! មិនស្រួលទេហ្អេសទៅវិញ?» ពួកយើងប្រាប់ទៅលោកគ្រូ

តាមពិតក្នុងចិត្តគាត់ក៏ចង់ទៅដែរ តែគាត់ធ្វើដូចមាន់ចឹង ចាំឱ្យពួកយើងហាមាត់មុន ឆើស…ស្គាល់ដល់ពោះវៀនបត់របស់លោកគ្រូអីណុះ!!
ដើរដល់វិហារមួយ ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទាំងថ្មនោះ យើងក៏ឃើញមានលោកនេនតូចៗ និងប្រុសៗប៉ុន្មាននាក់ក្រាលកន្ទេល រៀបចំកន្លែងសម្រាកនៅបរិវេនក្រៅវិហារនោះ។

«លោកគ្រូយើងដេកនៅហ្នឹងដែរទៅហ្អេស មិនបាច់ទៅផ្ទាំងថ្មនោះទេ នៅនេះមេឃក៏ស្រលះល្មមថត Long Exposure ផ្កាយបានដែរតើ!!!» សិស្សម្នាក់ខ្ជាក់សម្ដីបែបសប្បាយចិត្តវិញព្រោះមានដំណោះស្រាយហើយ

«អឺ…ចឹងក៏បាន» លោកគ្រូតប។ ប្រហែលគាត់គិតក្នុងចិត្តថា៖ អញចាំពាក្យហ្នឹងយូរហើយហ្អាស់!!!

ពួកយើងរៀបចំកន្លែងដេក យ៉ាងសមរម្យតាមបណ្ដោយផ្លូវដើររបស់ព្រះវិហារនោះ។ ពួកយើងនៅមិនទាន់គេងនៅឡើយ។ ពួកយើងនៅជជែកគ្នា ហើយមួយសន្ទុះ អាឆាយ (នាពេលនោះមិនទាន់ល្បីឈ្មោះហ្នឹងទេ) វាបើក Laptop បង្ហាញពីផ្កាយ Time-lapse ដែលវាបានថតជូននេនតូចៗ និងក្មេងៗទស្សនា។ វាបូរបាច់ឡើងបែកពពុះមាត់។ ក្រោយមកពួកយើងក៏ងងុយហើយចូលគេង។ តែមុននឹងគេ យើងដកកាមេរ៉ាមកថត Long Exposure ក្រែងឃើញកញ្ចុំផ្កាយ Milky way ។ វាមិនផេះទេម៉ោងទើបតែជាង ១០យប់ ម្យ៉ាងមេឃមិនស្រលះល្អចឹងមាន Milky way ពីណាមក?? តែយ៉ាងណាក៏ដោយពួកយើងនៅតែថតដែរ គ្រាន់តែ Long Exposure ព្រះច័ន្ទនៅលើមេឃចោលទៅ រីឯអាឆាយវិញវាក៏មានគំនិតផស់វា គឺថត Time-lapse ព្រះច័ន្ទ។

និយាយពីលោកគ្រូវិញគាត់ចង់ថតដែរ តែគាត់ថតខុសគេ។
គាត់ប្រាប់ខ្ញុំថា៖ «ពេលគេដេកអស់ បណ្ឌិតឯងជួយដាស់ខ្ញុំផងណា!»

«ដាស់ធ្វើអីលោកគ្រូ?» ខ្ញុំសួរ

«ខ្ញុំចង់ថតមនុស្សទាំងអស់ដែលកំពុងដេក» គាត់តប

ខ្ញុំអស់ឆ្ងល់ក៏ឆ្លើយ «បាទ» ហើយពួកយើងក៏ថតបន្ត។ ថតបានពីរបីសន្លឹកខ្ញុំដេកមុនគេ អាឆាយវាដាក់កាម៉េរាចោលឱ្យថតដោយស្វ័យប្រវត្តិ។ មិនយូរប៉ុន្មានពួកយើងក៏ដេកលក់។ ខ្ញុំដេកក្បែរលោកគ្រូ អាឆាយ និងអានិនចាអណ្ដើក (ឆេងហួ) វាដេកក្បែរគ្នា។

ដួង​ច័ន្ទ​នា​រាត្រី​នោះ

ដួង​ច័ន្ទ​នា​រាត្រី​នោះ

ហើយតទៅនេះនាទីញ៉ាក់ប្លោកក៏បានចូលមកដល់…

នៅម៉ោងប្រហែល ១ ទៅ ២ ពាក់កណ្ដាលអាធ្រាត ខ្ញុំស្រាប់តែភ្ញាក់ក្រញ៉ាងដោយសារសម្លេងគួរឱ្យរន្ធត់ប្លោក។ ម៉ែកូនហ្អើយតាំងពីកើតពោះម៉ែមកខ្ញុំថាលើកហ្នឹងគឺជាលើកដំបូងក្នុងឆាកជីវិតហើយ ដែលខ្ញុំបានជួបខ្មោច។ សម្លេងនោះឮនៅនឹងត្រចៀកតែម្ដង។
ច្បាស់ណាស់វាជាសម្លេងអ្វីម្យ៉ាងដែលគេធ្លាប់ដឹងថា «សម្លេងអន្ទងព្រលឹង» ហើយបើម្ចាស់ឈ្មោះបានឮហើយ និងឆ្លើយនោះព្រលឹងគេនឹងត្រូវបានខ្មោចចាប់យកទៅបាត់ អ្នកនោះនឹងឈឺរហូតដល់ស្លាប់ជាក់ជាមិនខាន។
សម្លេងនោះដង្ហោយហៅគ្នាខ្ញុំម្នាក់ «ឆេងហួរ….ឆេងងងងង ហហហហហហហហួ….»

សម្លេងឮយ៉ាងក្រលួចកាន់​តែ​ច្បាស់ទៅៗ ខ្ញុំនេះភ្នែកបិទតែអារម្មណ៍ញ៉ាក់ប្លោកទ្រឺតៗ បើជាអ្នកវិញ ខ្ញុំថាខ្លាចមិនខុសពីខ្ញុំប៉ុន្មានទេ។ កុំចង់សាក ខ្ញុំទាយមិនឱ្យខុសឡើយ។

«ធើម៉េចចេះអញ» ខ្ញុំគិតក្នុងចិត្ត។

ចិត្តមួយចង់បង្ហើបភ្នែកមើលឱ្យដឹងការពិតថាជាស្អីឱ្យប្រាកដ ចិត្តមួយទៀតវាទាញហេតុផលថា «ហ្អែងឆ្កួតមែន? បើបើកភ្នែកឃើញនៅនឹងមុខឱ្យជ្រងោ ព្រលឹងហ្អែងលោតចេញទៅស៊ីអាចម៍បាត់មិនខាន។

ខ្ញុំគិតកម្លាចិត្តខ្លួនឯង «វាមិនស្អីទេ ស្ដាប់ម្ដងទៀតមើល» «ខ្មោចគ្មានទេលើលោកនេះ» «…..!!!»

ខ្ញុំក៏នឹកដល់លោកគ្រូគាត់ថាដាស់ផងពេលគេគេងអស់ គាត់ចង់ថតគេគេង។
ខ្ញុំក៏លូកដៃទៅរុញគាត់ទាំងភ្នែកនៅបិទនៅឡើយ «លោកគ្រូភ្ញាក់ឡើង គេដេកអស់ហើយ។ ក្រែងលោកគ្រូចង់ថតហ្អេស?»

គាត់មិនកម្រើកសោះ ដូចគល់ឈើចឹង។ បានត្រឹមតែនិយាយល្អិះល្អុះតែឯងរកស្ដាប់មិនបាន។ ដាស់ហើយដាស់ទៀតនៅតែមិនក្រោក។ គិតម៉េចចេះអញ ណាសម្លេងកាន់តែរន្ថើនយកៗ «ឆេងហួ…..ឆេងហួ….!!!!»

«អូហ៍អញ ដុតមនុស្សទាំងរស់ហើយតើ» ខ្ញុំគិត។

គិតចុះគិតឡើង ខ្ញុំក៏សម្រេចចិត្តថាជំនះវាឱ្យបាន បើកភ្នែកមើលតាម្រ៉ងទៅថាស្អី។ ឱ្យវាដឹងសខ្មៅតែម្ដងទៅវេស។ «ដ* អីហ្អា!!!!»
គ្រាន់តែបើកភ្នែក ភ្លាមខ្ញុំក្រលេកជុំវិញខ្លួន ជុំវិញកន្លែងដេក គ្មានឃើញអាខ្មោចណាហ៊ានអើតក្បាលមកសោះ។ «អញថាមែនៗ គ្មានអីសោះហ្នឹង ឆើស!» នៅជុំវិញហ្នឹងឃើញតែដើមឈើទេរទៅទេរម៉ោតាមកម្លាំងខ្យល់ ព្រះច័ន្ទរះខ្ពស់សន្លឹម ភ្លឺចិញ្ចែងចិញ្ចាច មនុស្សគ្រប់គ្នាដេកដូចគល់អុស សម្រ៉ុកឱ្យក-ឃុលចង់បែកមេឃ។

ពេលបើកភ្នែក ខ្ញុំក្រលេកទៅមើលឆេងហួមុន ព្រោះបារម្ភវាមិននៅក្បែរហ្នឹង ខ្លាចវាត្រូវគេយកទៅបាត់។ បើចឹងមែនចប់ហើយ។ បានអីបកស្រាយជាមួយម៉ែឪវាម៉េចទៅ។

តែម៉ែកូនហើយអាសម្លេងចម្លែកហ្នឹងនៅឮដដែល??? មែននៅឮមែន!! ឮកាន់តែច្បាស់ដូចមុនមិនថមថយសោះ។ ខ្ញុំក៏តាំងចិត្តក្លាហាន បែកស្លុយ ថានឹងក្រោករកមើលសិន។ ខ្ញុំក្រលេកជុំវិញខ្លួន ត្រចៀកខំផ្ទៀង នៅតែមិនឃើញអ្វីខណៈសម្លេងនៅតែដដែល ជាដដែល។
លើកនេះលែងខ្លាចហើយ ព្រោះវាគ្មានអីផង។ ខំគិត ខំផ្ទៀងមួយសន្ទុះធំ ទើបខ្ញុំអាចយល់ពីប្រភពសម្លេងនេះបាន។
ម៉ែកូនហ្អើយ សម្លេងនេះចេញពីច្រវ៉ែបមាត់អាឆាយសោះ។

អានេះវាដេកស្រម៉ុក «ឃីត ខត!!! ៗៗៗ»
តាមពិតទៅសម្លេងហ្នុងគឺនៅចុងបំផុតបន្ទាប់ពីវាសម្រ៉ុកម្ដងៗ វាមានអាខ្យល់ចុងក្រោយឱ្យក្រលួច។ និយាយពីថាដូចនោះដូច ដូចហៅឈ្មោះបេះដាក់។ ខ្ញុំចង់តែស្ទុះទៅហក់ធាក់អាប្រកាច់យ៍ហ្នឹងឱ្យបែកមាត់។ ដេកស្រម៉ុកខុសរឿង ឱ្យឯងនេះព្រលឹងចុះទៅស៊ីអាចម៍បាត់។
ដល់ក្រោយមកវាសម្រ៉ុកដល់សូរវា វាឈ្លក់ខ្យល់ វាក៏ឈប់ស្រម៉ុកមួយរយៈ។ សម្លេងញ៉ាក់ប្លោកនោះក៏បាត់ឯង។ ដូច្នេះហើយខ្ញុំក៏ច្បាស់ក្នុវចិត្ត មួយភាគមួយពាន់តែម្ដងថាច្បាស់ជាចេញពីវាហ្នឹងហើយ។

ហាហាហាហ……ចាញ់បោកអានរឿងរបស់ខ្ញុំហ្នឹងហើយមែនទេ??? រន្ធត់អត់??
ណាស់ហើយបើគ្រាន់តែនិទានឱ្យអ្នកទាំងអស់គ្នាស្ដាប់វាមើលទៅមិនរន្ធត់ទេ តែបើអ្នកបាននៅក្នុងហេតុការណ៍នោះ ខ្ញុំហ៊ានភ្នាល់ដាក់ប្លោក ថាអ្នកនឹងរន្ធត់ដូចខ្ញុំចឹង។ កុំចង់មកធ្វើឯងគ្រាន់បើអីនោះ។
សរុបមកខ្ញុំក៏នៅតែមិនច្បាស់ដដែលថាមានខ្មោច ឬអត់ដដែល។ តែដូចនិយាយចឹង ដើរជាមួយអាមួយហ្នឹង សម្បូររឿងរន្ធត់ណាស់។ ចាំមើលដំណើររបស់យើងទៅកោះកុង កំពង់ស្ពឺ និងបន្តបន្ទាប់ទៀតវាយ៉ាងណា???៕

 

ខណ្ឌ​ចប់​ដោយ​បរិបូរណ៍

រាប់​ពី​ឆ្វេង​ទៅ​ស្ដាំ​គឺ លោក​គ្រូ​ ភីឡុង អា​ឆាយ ខ្ញុំ និងអា​និន​ចារ​អណ្ដើក។ ពួក​យើង​មាន​ក៏មាន​ងារ​ផ្សេង​មួយ​ទៀត​គឺ គ្រូថាំង​ចេង អ៊ូខុង ប៉ាចេ និង​ច​សា​ចេ​ ដែរ។

រាប់​ពី​ឆ្វេង​ទៅ​ស្ដាំ​គឺ លោក​គ្រូ​ ភីឡុង អា​ឆាយ ខ្ញុំ និងអា​និន​ចារ​អណ្ដើក។ ពួក​យើង​មាន​ក៏មាន​ងារ​ផ្សេង​មួយ​ទៀត​គឺ គ្រូថាំង​ចេង អ៊ូខុង ប៉ាចេ និង​សា​ចេ​ ដែរ។

 

03/1/09

ស្បៀងខ្ញុំ… :lol:

យន្តហោះបានទំលាក់កង់កាលពីព្រឹកម៉ិញនេះ៨ព្រឹក(ម៉ោងនៅជប៉ុន)  ដូច្នេះខ្ញុំក៍បានជាន់ដីចាប៉ុនម្តងទៀត តែលើកនេះមិន​ មែនតូក្យូដូចលើកមុនទេគឺនៅ Fukuoka ។ ខ្ញុំស្នាក់នៅ JICA Kyushu Internation Center ។​ វាជាមជ្ឈមណ្ឌលសំរាប់​សិស្សស្នាក់នៅ ជាពិសេសសិស្សដែលមករៀនវគ្គ ខ្លីៗដែលឧបត្ថម្ភដោយ អង្គការ JICA។ នៅទីនេះស្ងប់ស្ងាត់ មិនអ៊ូអរដូចនៅ តូក្យូ សំខាន់នោះគឺមិនជាមានអាគារខ្ពស់ពពកច្រើនពេកនាំពិបាកងើយមើលបាក់កងាប់អីទេ។

លើកនេះមិនដូចកាលមកលើកកមុនទេ ព្រោះមានបទពិសោធន៍ហើយ ចឹងខ្ញុំត្រៀមស្បៀងមកកំប្លេតែម្ដង មិនខ្លាចភាពអត់​ឃ្លានទេ។ មើលនេះនៀក ឆ្នាំបាយអគ្គីសនីក៍មាន មី សាច់បាក់យុងនិងត្រីផាត់(ម៉ាករៀបចំឲ្យ) សាច់គោងៀត(ហាន់នីរៀបចំឲ្យ) នៅមានវិចអង្គមកគ្រាន់ដាំបាយទៀត។ អង្គរដាក់ម៉ោពីរគីឡូដែរ ។ នេះមកតែពីរអាទិត្យហង ដាក់ប៉ុណ្ណឹង ចុះទាំរាំយូរជាងហ្នឹង ហេហេហេ…. ង៉ៃ ១៤ បានយ៉ាងនិវត្តន៍ទៅស្រុកវិញ 😆 ។ មិនមែនថានៅនេះអត់មានអីញ៉ាំទេ តែខ្ញុំទំលាប់ចឹង នៅណាក៍ដោយអារឿងស៊ីចុក មិនត្រូវប្រហែសទេ ព្រោះមិនមែនដូចនៅស្មែរអីណា។ នៅស្រុកយើងចង់ញ៉ាំណាក៍បានផ្ទះយើង។ ចេះតែសន្សំសំចៃទៅ ដូចសុភាសិតចិនថា “រក្សាព្រៃឲ្យគង់ មិនខ្វះអុសដុតទេ” 😀 ។


កញ្ចប់ធំក្រោម មីនោះគឺអង្ករ ហីនៅមានកញ្ជប់តូចៗ (សាច់បាក់យុង និងត្រីផាត់) នៅពីលើប្រអប់ងៀតគោ 😆


អត់មានលួចស្រក់ទឹកមាត់ទេណា គ្រាន់តែមើលបានហើយ


មិនភ្លេចដាក់ម៉ាបុស្ដិទុកជាការអួតគេឯង 😆